ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិរៀបចំយន្តការបណ្ដុះបណ្ដាលប្រជាការពារ!


ព្រៃវែង ៖ ក្រសួងមហាផ្ទៃកំពុងបង្កើនការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពបំពេញការងាររបស់កម្លាំងប្រជាការពារនៅតាមមូលដ្ឋានឃុំ សង្កាត់ ទូទាំងប្រទេស។ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំយន្តការបណ្ដុះបណ្ដាលគ្រូបង្គោល ដើម្បីបន្តទៅបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់កម្លាំងប្រជាការពារដែលកំពុងបំពេញការងារនៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់។

ភ្ជាប់នឹងការណែនាំនេះ ពីវេទិកាអធិបតី នៃពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានស្នើអគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំចងក្រងជាសៀវភៅគោល ហើយចាប់ផ្ដើមបណ្ដុះបណ្ដាលមុនគេ លើគ្រូបង្គោលនៅតាមស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ឱ្យបាន៤ទៅ៥រូប ដើម្បីបន្តចេញទៅបណ្ដុះបណ្ដាលតាមអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬទីកន្លែងត្រូវរៀបចំបណ្ដុះបណ្ដាលដល់ប្រជាការពារ។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានមានប្រសាសន៍បន្ថែមទៀតថា«យើងរៀបចំយន្តការបណ្ដុះបណ្ដាលនេះ គឺដើម្បីឱ្យមានស្តង់ដាតែមួយ ប្រើភាសាតែមួយ ដូចជាការប្រើប្រាស់វិទ្យុទាក់ទង ការផ្ដល់ព័ត៌មានមកឱ្យកងកម្លាំងសមត្ថកិច្ច ឬអ្វីគួរ អ្វីមិនគួរធ្វើជាដើម ដើម្បីបង្កើនភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ហើយពួកគាត់ក៏អាចបំពេញការងារប្រកបដោយភាពជឿជាក់ ក្នុងការសម្រាលបន្ទុកការងារមួយចំនួនរបស់សមត្ថកិច្ចនៅមូលដ្ឋាន ដូចជាការផ្ដល់ព័ត៌មានឱ្យសមត្ថកិច្ចចុះអនុវត្តច្បាប់លើករណីផ្សេងៗ និងជួយការងារមួយចំនួនទៀតតាមការចាត់តាំងរបស់អាជ្ញាធរឃុំ សង្កាត់។

កម្លាំងប្រជាការពារ មានប្រវត្តិចេញពីចលនាសន្តិសុខភូមិ តាំងពីក្រោយការដួលរលំនៃរបបខ្មែរក្រហម។ ចលនានេះ ជាចលនានៃការចូលរួមដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្រុមគ្រួសារខ្លួន និងសហគមន៍តាមភូមិ ឃុំ សង្កាត់ ក្រោមការដឹកនាំ និងសម្របសម្រួលពីអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន។ នៅក្នុងការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣កន្លងទៅនេះ កម្លាំងប្រជាការពារក៏បានដើរតួនាទីរួមចំណែកបំពេញការងារជាកម្លាំងសន្តិសុខបម្រើឱ្យការបោះឆ្នោតបានយ៉ាងល្អផងដែរ។

ក៏មិនខុសពីសម្ដេចក្រឡាហោម អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅនីតិកាលទី៧នេះ បានបន្តផ្ដល់សារៈសំខាន់ចំពោះការចូលរួមដោយស្ម័គ្រចិត្តពីកម្លាំងប្រជាការពារ ពីព្រោះបច្ចុប្បន្ន ជាមធ្យមមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់មួយរូបត្រូវទទួលខុសត្រូវលើប្រជាពលរដ្ឋប្រមាណពី១២០០នាក់ទៅ១៨០០នាក់ ក្នុងទំហំផ្ទៃដីជាមធ្យមជាង៣គីឡីម៉េត្រការ៉េ។ ឯកឧត្តមអភិសន្តិបណ្ឌិត ចាត់ទុកកម្លាំងប្រជាការពារជាភ្នែក និងជាច្រមុះ ក្នុងការប្រមូល និងផ្ដល់ព័ត៌មានឱ្យកម្លាំងនគរបាល និងរដ្ឋបាលឃុំ សង្កាត់។

ទន្ទឹមនឹងការណែនាំឱ្យរៀបចំយន្តការបណ្ដុះបណ្ដាល និងការថ្លែងអំពីសារៈសំខាន់នៃការចូលរួមចំណែករបស់កម្លាំងប្រជាការពារនៅតាមមូលដ្ឋាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ក៏បានអំពាវនាវឱ្យក្រុមការងារថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ ក៏ដូចជារដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ព្រមទាំងសប្បុរសជននានា បន្តរួមចំណែកផ្ដល់ការឧត្ថម្ភគាំទ្រទាំងសម្ភារៈ និងថវិកាដល់កម្លាំងប្រជាការពារ ដើម្បីផ្ដល់ជាការលើកទឹកចិត្ត ធានានិរន្តរភាពនិងប្រសិទ្ធភាពការងារ។

នាឱកាសនោះដែរ ក្នុងនាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានផ្ដល់អនុសាសន៍ដល់អង្គសន្និបាត បន្តយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗ ដូចជាការការពារសុខសន្តិភាព ស្ថិរភាពសន្តិសុខផ្ទៃក្នុង ជំរុញចលនាអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ពង្រឹងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ព្រំដែន ការគ្រប់គ្រងធនធានធម្មជាតិ ការចុះបញ្ជីដីធ្លីជូនពលរដ្ឋ និងជាពិសេសចូលរួមអនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១៕



































អត្ថបទ ៖ រ៉េន រតនៈ

រូបភាព ៖ សាន់ ផានិត និង សុខ ជួបរិទ្ធីបញ្ញា