ក្រសួងមហាផ្ទៃ បង្ក្រាបក្មេងទំនើងឃាត់ខ្លួនបាន ៦៨នាក់ ក្នុងមួយសប្តាហ៍ចុងក្រោយនេះ!


ភ្នំពេញ ៖ បណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា យោងតាមរបាយការណ៍ប្រចាំថ្ងៃក្នុងសប្ដាហ៍ចុងក្រោយ គិតពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើងទូទាំងប្រទេស សរុប ២១ករណី និងឃាត់ខ្លួនជនសង្ស័យបាន ៦៨នាក់ ដើម្បីចាត់ការណ៍ទៅនីតិវិធី។

ចំណាក់ការរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាលទ្ធផលនាពេលនេះគឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ស្ថាប័នក្រោមចំណុះក្រសួងមហាផ្ទៃ ដែលមាន អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលរាជធានី ខេត្ត អធិការដ្ឋាន និងប៉ុស្តិ៍នគរបាលនៅទូទាំងប្រទេស ដែលអស់លោកមានសមត្ថកិច្ច បាននិងកំពុងតែធ្វើការងារយ៉ាង​យកចិត្តទុកដាក់ ដើម្បីធានាបាននូវសន្តិសុខក៏ដូចជាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ 

អ្នកនាំពាក្យរងរូបនេះ បញ្ជាក់ទៀតថា ករណីបង្ក្រាបក្មេងទំនើង គឺជាចំណុចអាទិភាពមួយ ​ដែលត្រូវដោះស្រាយ​នៅទូទាំងប្រទេសក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលដាក់ចេញដោយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមទស្សនៈអ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។

លទ្ធផលនៃចំណាត់ការពីមួយសប្តាហ៍ទៅមួយសប្តា​ហ៍គឺត្រូវបានតាមដានយ៉ាង​យកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី តែងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច អាជ្ញាធរ ប្រជាការពារ និងតួអង្គពាក់ព័ន្ធទាំងអស់ ព្រមទាំងការជំរុញបន្តធ្វើការយ៉ាងយក​ចិត្តទុកដាក់បន្ថែមទៀតដើម្បីបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ ម្ចាស់ការតាមតួនាទីភារកិច្ច ដោយ​ឆ្លើយតបឱ្យបានលឿនរហ័ស និងទាន់ពេលវេលាតបទៅនឹងបទល្មើសនានា។ ក្នុងនោះក៏មិនត្រូវភ្លេចអនុវត្តផែនការសកម្មភាពផ្សាព្វផ្សាយអប់រំ ទប់ស្កាត់បង្ការ គ្រប់យន្តការជាមុនផងដែរ៕