ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម គឺជាកិច្ចការដ៏មានសារៈសំខាន់មួយក្នុងការរួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អ


ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) បានគូសបញ្ជាក់ថា ការចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម គឺជាកិច្ចការដ៏មានសារៈសំខាន់មួយក្នុងការចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចល្អ ពង្រឹងរដ្ឋបាលសាធារណៈ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទសិក្ខាសាលាស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ ហ្គាឌិន ស៊ីឌី។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ដែរថា ការចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក៏អាចទប់ស្កាត់បានអំពើជួញដូរមនុស្ស និងពលកម្មលើកុមារ ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង (អនីតិជន) និងធានាបានការចូលរួមបោះឆ្នោត ស្របតាមលទ្ធិប្រជាធិបតេយ្យ ជាពិសេសកាត់បន្ថយហានិភ័យសង្គម ការលើកកម្ពស់យុត្តិធម៌ សមធម៌សង្គម សំដៅរួមចំណែករក្សាបាននូវសុខសន្តិភាព សន្តិសុខជាតិ ស្ថិរភាពនយោបាយ និងសុវត្ថិភាពសង្គម។ 

ជាមួយគ្នានោះឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានសង្កត់ធ្ងន់ដែរថា ការរៀបចំនិងការគ្រប់គ្រងប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានឱ្យមានដំណើរការល្អ នឹងបង្កើតបាននូវស្ថិតិអត្រានុកូលដ្ឋានប្រកបដោយភាពត្រឹមត្រូវ អាចជឿទុកចិត្តបាន និងអាចប្រើប្រាស់ជាមូលដ្ឋានទិន្នន័យដ៏មានសារៈសំខាន់សម្រាប់ការវិភាគ និងការរៀបចំគោលនយោបាយ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមអភិសន្តិបណ្ឌិត បន្តទៀតថា ការងារអត្តសញ្ញាណកម្មគឺជាកិច្ចការដែលមានលក្ខណៈអន្តរវិស័យ។ ដូចនេះដើម្បីធានាឱ្យការរៀបចំប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មានដំណើរការល្អ និងមានប្រសិទ្ធភាពខ្ពស់ ទាមទារឱ្យមានការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងចំណោមក្រសួង ស្ថាប័ន តាមវិស័យជំនាញជាច្រើន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគ្រប់កម្រិត ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន ព្រមទាំងប្រជាជនផ្ទាល់ផងដែរ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានតម្កល់ឆន្ទៈផ្នែកនយោបាយយ៉ាងរឹងមាំក្នុងការបន្តជំរុញ និងពង្រឹងការអនុវត្តកំណែទម្រង់ការងារអត្តសញ្ញាណកម្ម ពោលគឺទាំងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់ការកសាង និងការការពារមាតុភូមិ (២០២៣-២០២៨) និងទាំងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានផ្តល់អាទិភាពលើការបន្តជំរុញ និងពង្រឹងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម និងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ឱ្យទទួលបានលទ្ធផលតាមការគ្រោងទុក។ ក្នុងនោះការបង្កើតឱ្យមានមជ្ឈមណ្ឌលជាតិគ្រប់គ្រងអត្តសញ្ញាណប្រជាជន និងរៀបចំដាក់ឱ្យប្រើប្រាស់លេខកូដសម្គាល់អត្តសញ្ញាណបុគ្គលដែលជាលេខកូដសម្គាល់ខ្លួន ជាពិសេសផ្តល់ជូនប្រជាជនប្រើប្រាស់អស់មួយជីវិត ព្រមទាំងបន្តពង្រឹងគុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ឱ្យកាន់តែងាយស្រួល និងឆាប់រហ័ស។ ឯកឧត្តមអភិសន្តិបណ្ឌិត បន្តទៀតថា សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម គឺជាសកម្មភាពអាទិភាពមួយក្នុងចំណោមសកម្មភាពជាអាទិភាពនានា ដែលចាំបាច់ត្រូវអនុវត្តបន្ទាន់ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីខ្លឹមសារៈសំខាន់ នៃច្បាប់ និងការប្រមូលនូវធាតុចូលនានាទាក់ទងទៅនឹងតម្រូវការ បញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីខែកក្កដា ឆ្នាំ២០២៤ តទៅ៕