មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកនិយាយថា ចិនមានផែនការវ៉ាជែងអាមេរិកក្លាយជាលេខមួយលើពិភពលោក

 


បរទេស ៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានលើកឡើងថា ប្រទេសចិនកំពុងស្វះស្វែង និងខិតខំយ៉ាងខ្លាំងដើម្បីអាចយកឈ្នះអាមេរិកក្លាយខ្លួនជាមហាអំណាចកំពូលលើពិភពលោកទាំងយោធាសេដ្ឋកិច្ច និងកាទូត។

ទោះបីជាយ៉ាងណាក្តី ប្រធានាធិបតី និងមេដឹកនាំអាមេរិកមួយចំនួនកន្លងមកក៏ធ្លាប់បានវិភាគទៅលើមហិច្ឆិតារបស់រដ្ឋាភិបាលក្រុងប៉េកាំងដែរ ដោយពួកគេបានវិភាគថា ចិននឹងមានផែនការត្រឹមតែកាត់បន្ថយឥទ្ធិពលរបស់អាមេរិកនៅក្នុងតំបន់អាស៊ីប៉ុណ្ណោះគឺមិនមានបំណងចង់ដណ្តើមតំណែងរបស់អាមេរិកនៅក្នុងកម្រិតពិភពលោកនោះទេ។

ថ្លែងនៅក្នុងវេទិកាមួយជាមួយនឹងក្រុមអ្នកកាសែតដែលបានសាកសួរអំពីការតាំងចិត្តរបស់រដ្ឋាភិបាលចិនបច្ចុប្បន្ននោះលោក Blinken បានពោលបែបនេះថា ៖ខ្ញុំគិតថាអ្វីដែលចិនកំពុងចង់បាននោះគឺក្លាយជាលេខមួយលើពិភពលោកជំនួសអាមេរិក ហើយនេះគឺជាអ្វីដែលប្រធានាធិបតីចិន លោក Xi Jinping តែងតែព្យាយាមកន្លមក។