សារព័ត៌មានដ៏ល្បីរបស់ជប៉ុនកោតសរសើរពីការរីកចម្រើនប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា

ភ្នំពេញ៖ ប្រទេសកម្ពុជា បានមើលឃើញពីការរីកចម្រើនយ៉ាងខ្លាំងក្នុងការប្រើប្រាស់ការទូទាត់តាមប្រព័ន្ធឌីជីថលនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសចាប់តាំងពីការរីករាលដាលជំងឺកូវីដ ១៩ ចំនួនគណនីកាបូបអេឡិចត្រូនិក (E-wallet) នៅកម្ពុជា បានកើនឡើងដល់ ដល់ ១៩,៥លានគណនី គិតនៅត្រឹមពាក់កណ្តាលឆ្នាំ ២០២៣នេះ ដែលឆ្លុះបញ្ចាំងអំពីការអភិវឌ្ឍយ៉ាងលឿននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ឆ្ពោះទៅសម្រេចបានតាមគោលដៅរបស់រាជរដ្ឋាភិបាលនៃការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចឌីជីថលក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

យ៉ាងណាមិញ ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា គិតមកដល់ពេលនេះ មានទំហំជិត ៣០០ប៊ីលានដុល្លារ ដែលកើនឡើងដល់ ១០០០% បើធៀបនឹង GDP ឬស្មើនឹង ១០ដងនៃ GDP សរុបរបស់កម្ពុជា ដែលមានទំហំប្រមាណជាង ២៩ប៊ីលានដុល្លារអាម៉េរិក។

ជាមួយគ្នានេះ បច្ចុប្បន្ន អាជីវករប្រហែល ១,៨លាននាក់ ទទួលយកប្រតិបត្តិការ KHQR ដោយមានប្រតិបត្តិការប្រហែល ១៤,៣លាន និងបរិមាណសរុប ៣ប៊ីលានដុល្លារអាម៉េរិក។

កំណើនទូទាត់ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានស្ថាប័នព័ត៌មានដ៏ធំមួយរបស់ប្រទេសជប៉ុន NHK WORLD-JAPAN បានរៀបចំអត្ថបទវិភាគយ៉ាងស៊ីជម្រៅមួយស្តីពីការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា និងបានរំលេចពីឆន្ទៈដ៏មោះមុត របស់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ឌីជីថល និងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។

នៅក្នុងបទសម្ភាសជាមួយលោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិ បានលើកឡើងពីភាពប៉ិនប្រសប់របស់លោកស្រីក្នុងការគ្រប់គ្រងនយោបាយរូបិយវត្ថុ និងជាអ្នកត្រួសត្រាយផ្លូវដ៏សំខាន់ក្នុងការបង្កើតឧបករណ៍ហិរញ្ញវត្ថុនានា ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។

ជាក់ស្តែង លោកស្រីបណ្ឌិត ជា សិរី បានសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុជប៉ុន Soramitsu ដើម្បីបង្កើតប្រព័ន្ធទូទាត់បាគង និងបានដាក់ឱ្យដំណើរការដោយជោគជ័យនៅឆ្នាំ ២០២០ ដែលបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដំបូងគេក្នុងតំបន់អាស៊ីដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់សងប្រាក់ដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆែន។

ប្រព័ន្ធបាគងនេះ បានជួយសម្រួលដល់ការផ្ទេរប្រាក់ពីធនាគារមួយទៅធនាគារមួយទៀតដោយងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាព ដែលបានសម្រួលដល់ការរស់នៅប្រចាំថ្ងៃ និងការទូទាត់នានាក្នុងប្រតិបត្តិការអាជីវកម្មរបស់ប្រជាជនទាំងក្នុងទីក្រុងនិងតំបន់ជនបទ។

ចាប់តាំងពីការបើកដំណើរការនៅឆ្នាំ ២០២០មក មានសមាជិក បាគង ចំនួន ៧១ បានចូលរួមនៅក្នុងប្រព័ន្ធនេះ ដែលក្នុងនោះមានសមាជិកចំនួន ៥២ បាន និងកំពុងបន្តផ្ទាល់ ជាមួយនឹងអតិថិជនជាង ១០លាននាក់ ហើយប្រតិបត្តិការសរុបមានចំនួន ៦៣លាន។

សារព័ត៌មាន NHK ក៏បានសម្ភាសន៍ជាមួយប្រជាពលរដ្ឋកម្ពុជាជាច្រើននៅតាមតំបន់ផ្សេងៗគ្នា ជាពិសេសតំបន់ដាច់ស្រយ៉ាលដែលមិនទទួលបានសេវាហិរញ្ញវត្ថុផ្លូវការពីមុនមក។ ប្រជាកសិករ អាជីវករតាមផ្សារ និងអ្នកលក់ដូរតូបតូចៗ បានស្គាល់ពីប្រព័ន្ធបាគង និងព្យាយាមប្រើប្រាស់ប្រព័ន្ធទូទាត់សងប្រាក់ឌីជីថលនេះ ដោយសារតែប្រព័ន្ធនេះបានបង្កភាពងាយស្រួលដល់ការធ្វើអាជីវកម្មរបស់ពួកគេ ចំណេញពេលវេលា និងសុវត្ថិភាព។

ជាមួយគ្នានេះ សារព័ត៌មាននេះ ក៏បានកោតសសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធទូទាត់សងប្រាក់ឌីជីថលនៅកម្ពុជា និងចក្ខុវិស័យការងារច្បាស់លាស់របស់លោកស្រីបណ្ឌិត ជា សិរី ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។ ការវិវត្តនេះ បានធ្វើឱ្យការរស់នៅរបស់ប្រជាជនមានភាពងាយស្រួល និងសម្រួលដល់ការធ្វើអាជីវកម្មនិងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងប្រសិទ្ធភាព៕