មិនធម្មតា! កុមារី អាយុ១៣ឆ្នាំម្នាក់ ឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ Asian Games នៅចិន

កាលពីថ្ងៃពុធ ម្សិលមិញនេះ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយអត្តពលិកមានវ័យក្មេងជាងគេ គឺកុមារី Cui Chenxi ដែលមានអាយុទើបតែ ១៣ឆ្នាំ បានឈ្នះមេដាយមាស ១គ្រឿង លើប្រភេទកីឡា Skateboarding វិញ្ញាសា Women’s street ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកម្រិតទ្វីបអាស៊ី Asian Games 2022 ដែលធ្វើឡើងក្នុងប្រទេសចិន។

កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញនេះ កុមារី Cui Chenxi របស់ចិន បានយកឈ្នះ មិត្តរួមជាតិរបស់ខ្លួន គឺកីឡាការិនី Zeng Wenhui ដែលមានវ័យ ១៨ឆ្នាំ នៅវគ្គផ្តាច់ព្រ័ត្រ ខណៈកីឡាការិនី Ito Miyu របស់ជប៉ុន ដែលមានអាយុ ១៦ឆ្នាំ បានឈ្នះមេដាយសំរឹទ្ធ។

ដំណើរឆ្ពោះទៅកាន់មេដាយមាសរបស់ Cui Chenxi បានចាប់ផ្តើមគួរឱ្យចាប់អារម្មណ៍ ដោយឈរនៅចំណាត់ថ្នាក់លេខ១ នៅក្នុងវគ្គ Run Stage។ ថ្វីបើមានការជំពប់ដួលបន្តិចបន្តួច ក្នុងវគ្គ Trick Stage ក៏ដោយ ទីបំផុត នាងបានទទួលជ័យជម្នះជាមួយនឹងពិន្ទុ ២៤២,៦២ ពិន្ទុ។

បន្ទាប់ពីទទួលបានមេដាយមាស ក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំទ្វីបអាស៊ីមួយនេះ កុមារី Cui Chenxi បានក្លាយជាម្ចាស់ជើងឯក Asian Games ក្មេងបំផុតមិនធ្លាប់មានរបស់ប្រទេសចិន។ Cui Chenxi បាននិយាយជាមួយនឹងក្ដីរំភើបស្ទើស្រក់ទឹកភ្នែកថា៖«ថ្ងៃនេះ ខ្ញុំធ្វើបានល្អណាស់»។

គួរបញ្ជាក់ថា កុមារី Cui Chenxi រស់នៅក្នុងខេត្ត Shandong ភាគខាងកើតរបស់ប្រទេសចិន ហើយនាងជាអត្តពលិកជម្រើសជាតិកីឡាជិះស្គីម្នាក់របស់ប្រទេសចិន។ នាងបានចាប់ផ្តើមរៀនជិះស្គី Rollerblading ជាលើកដំបូងនៅអាយុ ៣ឆ្នាំ ប៉ុន្តែក្នុងឆ្នាំ២០២០ ដោយសារមិនអាចចេញទៅក្រៅបាន ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ រូបនាង បានចាប់ផ្ដើមធ្វើការហ្វឹកហាត់ជិះស្គី Skateboarding នេះ តែម្ដង៕